យោង​តាម​គេហ​ទំព័រ​ព័ត៌មាន​អន​ឡាញ​មួយ​ចំនួន​ឱ្យ​ដឹង​នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះ​ថា ក្រុម BLACKPINK នឹង​ចាប់​ដៃ​គូ​ជាមួយ​នឹង​តារា​ចម្រៀង​សម័យ​ដ៏​ល្បី​ល្បាញ​ឈ្មោះ  Selena Gomez សម្រាប់​ចម្រៀង​ទី​២ ចេញ​មុន​នា​ពេល​ខាង​មុខ​របស់​ពួកគេ​។​

នៅ​ដើម​ខែ​នេះ ស្រី​ស្រស់​ក្នុង​ក្រុម​ចម្រៀង​នេះ​បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​អន្ទះ​អន្ទែង​ចង់​ឃើញ​ចម្រៀង​ទី​ពីរ​របស់​ពួក​គេ​បន្ទាប់​ពី​ពួក​គេ​បាន​បង្ហាញ​ផ្ទាំង​រូប​ភាព​ឃោសនា​ដ៏​គួរ​ឱ្យ​ទាក់​ទាញ​មួយ​ ដោយ​នេះ​ក៏​ហាក់​បង្ហាញ​ពី​តម្រុយ​នៃ​ការ​សហការ​របស់​ពួក​គេ​ជាមួយ​នឹង​តារា​ចម្រៀង​ដ៏​អាថ៌កំបាំង​ម្នាក់​។

ឥលូវ​ អត្ថ​បទ​សារព័ត៌មានផ្សេង​ៗ​បាន​សរសេរ​សំដៅ​ទៅ​តារា​ចម្រៀង​ Selena Gomez ជា​​បុគ្គល​អាថ៌កំបាំង​ដែល​គ្រប់​គ្នា​ចង់​ស្គាល់​! ដូច​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ដឹង​ហើយ ក្រុម BLACKPINK កន្លង​ទៅ​ធ្លាប់​បាន​សហការ​ជាមួយ​នឹង​តារា​ចម្រៀង​ដ៏ល្បីដូច​ជា Lady Gaga ដោយ​បាន​បង្ហាញ​វត្ត​មាន​ក្នុង​បទ​  “Sour Candy” របស់​នាង​កាល​ពី​ខែឧសភា ក្នុង​ឆ្នាំ​នេះ​។​

ទន្ទឹម​នឹង​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ចចាម​អារ៉ាមមួយ​ចំនួន​ខាង​លើ​ អ្នក​តំណាង​ម្នាក់​ពី​ផលិត​កម្ម​ YG Entertainment  បាន​លើក​ឡើង​យ៉ាង​ហ្មត់ចត់​ថា “សូម​រង់​ចាំ​ការ​ប្រកាស​ជា​ផ្លូវ​ការ​របស់យើង​”។​

ក្រុម BLACKPINK  នឹង​ចេញ​ចម្រៀង​ទី​២ នៅ​ក្នុង​ខែសីហា មុន​ពេល​ចេញ​អាល់​ប៊ុម​វិល​វិញ​ធំ​ទី១ របស់​ពួក​គេ​នៅ​ថ្ងៃទី២ ខែតុលា​៕

ប្រភព៖ allkpop

(Number Of Views: 377 times)