លេចឮព័ត៌មានថា Lee Soo Mna ដែលជាម្ចាស់ផលិតកម្ម SM កំពុងមានគម្រោងបណ្ដាក់ទុនលើក្រុម LOONA
សារព័ត៌មាន Daily Sports បានចេញផ្សាយថា លោក Lee Soo Mna ដែលជាម្ចាស់ផលិតកម្ម SM Entertainment ផ្ដល់ចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្រុម LOONA ដល់ថ្នាក់គ្រប់គ្នាសង្ស័យថា គាត់គ្រោងនឹងបណ្ដាក់ទុនធំទៅលើក្រុមចម្រៀងនារីមួយនេះ។ យោងតាមប្រភពព័ត៌មានចេញពីឧស្សាហកម្មតន្រ្ដីបានប្រាប់ឱ្យដឹងថា លោក Lee Soo Man បានមានចំណែកក្នុងប្រាក់ចំណូលរបស់ផលិតកម្ម Blockberry Creative។ លើសពីនេះ ព័ត៌មានក៏បានបញ្ជាក់ទៀតផងដែរថា Lee Soo Man បានសម្រេចចិត្តចំណាយដើមទុកផ្ទាល់ខ្លួនប្រមាណ ១ពាន់លាន ក្នុងការបណ្ដាក់ទុក។
ជាការឆ្លើយតបទៅនឹងព័ត៌មាននេះ តំណាងមកពីផលិតកម្ម SM បានចេញមុខប្រាប់ក្រុមសារព័ត៌មានថា “របាយការណ៍ដែលចេញផ្សាយពីការបណ្ដាក់ទុករបស់លោក Lee Soo Man គឺជាគ្រាន់តែជាព័ត៌មានគ្មានមូលដ្ឋានប៉ុណ្ណោះ“។ ប៉ុន្តែការមិនអស់ចិត្តនៅតែកើតមាន ហើយបើយោងតាមរបាយការណ៍ដែលចុះបានឱ្យដឹងទៀតថា បច្ចុប្បន្ន ភាគីទាំងសងខាង (Lee Soo Man និង Blockberry) កំពុងដំណើរការការបណ្ដាក់ទុន។
LOONA គឺជាក្រុមចម្រៀងនារីដែលមានសមាជិក ១២នាក់ ហើយត្រូវបានបង្កើតឡើងដោយផលិតកម្ម Blockberry Creative។ LOONA ចេញច្រៀងជាផ្លូវការនៅខែសីហា ឆ្នាំ២០១៨ ហើយមុនពេលពួកគេចេញចម្រៀងជាផ្លូវការ សមាជិកម្នាក់ៗត្រូវបានគេស្គាល់តាមរយៈការចេញជា Solo និងក្រុមតូចៗ ដែលវាជាហេតុធ្វើឱ្យ LOONA មានក្រុមអ្នកគាំទ្រអន្តរជាតិច្រើន។ ដោយឡែក ពាក្យចរចាមអារ៉ាមនៃការបណ្ដាក់ទុនរបស់លោក Lee Soo Man ទៅលើក្រុម LOONA ត្រូវសាយភាយឡើងកាលពីមួយរយៈមុននេះ គឺជាពេលដែលអាល់ប៊ុមឈ្មោះ “#” ត្រូវបានបញ្ចេញ ដោយមាន Lee Soo Man ចូលរួមចំណែកក្នុងការផលិត៕
ប្រភព៖ soompi