យោង​តាម​របាយ​ការណ៍ចេញ​ផ្សាយ​ដោយ​ TV Daily នៅ​ថ្ងៃទី១២​ ខែធ្នូ​ បាន​ឱ្យ​ដឹង​ថា Kim Woo Bin នឹង​ចាក​ចេញ​ពី​ផលិ​តកម្ម SidusHQ នៅ​ចុង​ខែនេះ​ បន្ទាប់​ពី​កុង​ត្រា​អស់សុពល​ភាព។ ប្រ​ភពព័ត៌​មាន​នេះ​ប្រាប់​ថា “Kim Woo Bin មាន​ទំនាក់​ទំនង​រឹង​មាំ​ជាមួយ​ផលិ​តកម្ម​ ហើយទោះ​បី​កុង​ត្រា​មិន​បាន​បន្ត​ទៀត​ក៏​ពិត​មែន​ ប៉ុន្តែទាំង​ខាង​ផលិត​កម្ម និង​ Woo Bin បាន​សម្រេច​ចិត្ត​ថា​ ពួក​គេ​នៅ​តែ​គាំទ្រ​​គ្នា​ទៅវិញ​ទៅមក​នៅ​ថ្ងៃអនា​គត​។ SidusHQ គឺ​ជា​ផលិ​តកម្ម​​ដែល​បាន​ជ្រោមជ្រែង​ Woo Bin ឱ្យ​ក្លាយ​ជា​តារា​សម្តែង ហើយ​ក៏​ជួយ​មើល​ថែ​គេ​ក្នុង​អំឡុង​ពេល​ព្យាបាល​ជំងឺ​មហារីកដែរ​ ដូច្នេះ​ហើយ​ទើប​ចំណង​រវាង​ Kim Woo Bin និង​ផលិត​កម្ម SidusHQ មាន​ភាពរឹង​មាំ​ជាង​អ្នក​ក្រៅ​មើល​ឃើញ​។ មើល​ទៅហាក់​ដូច​ ខាង​ផលិត​កម្មគោរព​តាម​ការ​សម្រេច​ចិត្ត​ចាក​ចេញ​របស់​ Woo Bin“។

យ៉ាង​ណា​មិញ ជា​ការ​ឆ្លើយ​តប​ទៅនឹង​ព័ត៌​មាននេះ​ ផលិ​ត​កម្ម SidusHQ បានប្រាប់​ថា “វា​ជា​រឿង​ពិត​ដែលកុង​ត្រា​របស់​ Kim Woo Bin (ជា​មួយ​យើង) នឹង​ផុត​កំណត់​នៅ​ចុង​ខែធ្នូ​នេះ​។ ប៉ុន្តែ គ្រប់យ៉ាង​​ទាក់​ទង​នឹង​រឿង​កុង​ត្រា​បន្ត នៅ​ពុំ​ទាន់​សម្រេចច្បាស់​លាស់​នៅឡើយ​ទេ“។ ដោយ​ឡែក តារា​សម្តែង​ប្រុស Kim Woo Bin បានចុះ​កុង​ត្រា​ជា​ផ្លូវ​ការ​លើក​ដំបូង​ជា​មួយ​ផលិ​តកម្ម SidusHQ កាលពីឆ្នាំ ២០១២។ បន្ទាប់​ពីរក​ឃើញ​ថា​ខ្លួន​មាន​ជំងឺ​មហារីក Woo Bin ក៏​បាន​ផ្អាក​​ពីសិល្បៈ​អស់​រយៈ​ពេល​ជាង​ ២ឆ្នាំ ហើយ​ថ្មីៗ​នេះ​គេ​ទើប​តែ​បង្ហាញ​ខ្លួន​ជាសាធារណៈ​ម្តង​ទៀត​ក្នុងព្រឹត្តិការណ៍ទទួល​បាន​រង្វាន់​មួយ។ បច្ចុប្បន្ន Kim Woo Bin កំពុងពិចារណា​គម្រោង​ថត​ខ្សែ​ភាព​យន្ត​ថ្មីដែល​នឹង​ចាក់​បញ្ចាំង​នៅឆ្នាំ២០២០។ រង់​ចាំ​តាម​ដាន​ព័ត៌​មាន​បន្ត​!

ប្រភព៖  soompi

(Number Of Views: 112 times)