ថ្មីៗ​នេះ ​ខណៈ​ទៅ​​ថត​នៅ​ប៉េកាំង​ តារា​សម្តែង​ស្រី​ចិន​ Fan Bingbing (范冰冰) បាន​ជជែក​ជាមួយ​  The New York Times។ ពេល​ដែល​គេ​សួរ​ពី​ការ​គេច​វេះ​បង់​ពន្ធ​អំឡង​ពេល​ធ្វើ​បទ​សម្ភាសន៍​ តារា​ស្រី​វ័យ ៣៧ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ថា “គ្មាន​នរណា​ម្នាក់​មាន​ជីវិត​រលូន​រហូត​ឡើយ​។ ឥឡូវ​វា​អាច​ជា​ពេល​មួយ​មិន​សូវ​ល្អ​ចំពោះ​អាជីព​ ឬ​ជីវិត​របស់​ខ្ញុំ​ ប៉ុន្តែ​វា​គឺពិត​ជា​រឿង​ល្អ​វិញ​ទេ​ ព្រោះ​ជួយ​ឱ្យ​ខ្ញុំ​គិតយ៉ាង​ហ្មត់​ចត់​​ពី​អ្វី​គួរ​ធ្វើ​នៅ​ថ្ងៃ​អនាគត​”។

ដោយ​ជាប់​ងារ​ជា “Global Fan” ព្រោះ​តែ​ភាព​ទាក់​ទាញ​​របស់​នាង​ កញ្ញា Fan Bingbing គឺជា​តារា​ដ៏ល្បី​ល្បាញ​ម្នាក់​ដោយ​នាង​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​នៅ​ចិន តៃ​វ៉ាន់ ហុង​កុង​ និង​វាយ​លុក​ចូល​ទីផ្សារ​សិល្បៈ​ហូលីវូដ​ដោយ​សម្តែង​ក្នុង​ភាព​យន្ត​  Iron Man និង​ X-Men ផង​ដែរ​។ ទោះ​ជា​យ៉ាង​ណា ប្រ​ជា​ប្រិយ​ភាព​របស់​នាង​បាន​ធ្លាក់​ចុះ​វិញ​ខ្លាំង​តាំង​ពី​មាន​រឿង​អាស្រូវ​គេច​វេះ​បង់​ពន្ធ​ដែល​ត្រូវ​បាន​សារ​ព័ត៌មាន​ផ្សាយ​ព្រោង​ព្រាត​ ហើយគម្រោង​ផលិត​​​ភាព​យន្ត​ និង​ភាព​យន្ត​ភាគ​ដែល​នាង​បាន​សម្តែង​ត្រូវ​បាន​ពន្យារ​ពេល​ ឬឈុត​នាង​សម្តែង​ត្រូវបាន​គេ​កាត់​ចេញ។​​

រឿង​អាស្រូវ​របស់​នាង​ក៏ហាក់​ជះ​ឥទ្ធិពល​ដល់​ជីវិត​ស្នេហា​របស់​នាង​ដែរ​ ព្រោះ​​នាង​បាន​ប្រកាស​បែក​គ្នា​ជាមួយ​នឹងមិត្ត​ប្រុស​ដែល​ស្រឡាញ់​​គ្នា​ ៤ ឆ្នាំ​គឹលោក Li Chen (李晨) ។ ដោយ​រង​ឥទ្ធិ​ពល​ពី​បញ្ហា​ទាំង​នេះ Fan Bingbing មើល​ទៅ​ហាក់​ដូច​ជា​មាន​ការ​ស្តាយ​ក្រោយ​ ប៉ុន្តែ​បានបដិ​សេធ​បក​ស្រាយ​រឿង​លម្អិត​។ នាង​ថា “ខ្ញុំ​មិន​អាច​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​គ្រប់​យ៉ាង​” ហើយ​រៀប​រាប់​ពី​ស្ថាន​ភាព​បច្ចុប្បន្ន​របស់​នាង​ប្រដូច​ទៅនឹង​ឈរ​នៅ​ផ្លូវ​ប្រសព្វ​ខណៈ​មាន​អារម្មណ៍​គ្មាន​ជំនួយ​។

ទោះ​ជា​យ៉ាង​ណា តារា​ស្រី​រូប​នេះ​បាន​បន្ថែម​ថា នាង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​អនាគត​នៅថ្ងៃ​​ខាង​មុខ​ដោយ​ថា “ឥឡូវ​ខ្ញុំ​មាន​អារម្មណ៍ឈឺ​ចាប់ ទន់​ខ្សោយ​ និង​សោក​ស្តាយ​បន្តិច​ ប៉ុន្តែ​ខ្ញុំ​នៅ​តែបន្ត​រស់​នៅ​ឱ្យ​បាន​ល្អ​”៕

ប្រភព៖ jaynestars

(Number Of Views: 183 times)