នៅ​ថ្ងៃទី៩ ខែកក្កដា លោក Kang Daniel នឹង​ចូល​រួម​ក្នុង​កម្មវិធី​តែង​តាំង​ឯក​អគ្គ​រដ្ឋ​ទូត​ទំនាក់​ទំនង​សាធារណៈ​សម្រាប់​ទីក្រុង​ Busan និង​ទទួល​វិញ្ញា​បន​បត្រ​តែង​តាំងឯក​អគ្គ​រដ្ឋ​ទូត​​មួយ​ពីលោក Oh Keo Don ដែល​ជា​​អភិ​បាល​ក្រុង​ Busan ។

នៅ​ដើម​ខែ​មេសា ទីក្រុង​ Busan បាន​រៀប​ចំ​ព្រឹត្តិការណ៍​មួយ​ដើម្បី​ឱ្យ​ប្រជា​ជន​ស្នើ​ជ្រើស​រើស​ “ឯក​អគ្គ​រដ្ឋ​ទូត​ទំនាក់​ទំនង​សាធារណៈ​សម្រាប់​ទីក្រុង​ Busan” ជា​បុគ្គល​​មាន​សមត្ថ​ភាព​បំផុត​ដែល​អាច​ជួយ​ផ្សព្វ​ផ្សាយ​ពី​លក្ខណៈ​ពិសេស​របស់​ទីក្រុង Busan។

Kang Daniel ជា​បេក្ខ​ភាព​ដែល​បាន​ជ្រើស​រើស​ឱ្យ​បំពេញ​នាទី​នេះ​។ ដំណើរ​ការ​ទាំង​ស្រុង​នៃ​ពិធី​តែង​តាំង​នេះ​នឹង​ផ្សាយ​ផ្ទាល់​តាម​រយៈ​បណ្តាញ​សង្គម​ផ្លូវ​ការ​ (ហេ្វស​ប៊ុក និង​យូធូប) របស់​ទីក្រុង​ប៊ូសាន  និង​បណ្តាញ​សង្គម​ផ្លូវការ​របស់​អង្គភាព​ទេសចរណ៍​ប៊ូសាន​។

ក្រោយ​មក​ Kang Daniel នឹង​ជួយ​បើក​ការ​ប្រកួត​សម្រាប់​កម្មវិធី​ប្រកួត​ប្រជែង​រវាង​ Lotte Giants និង​ NC Dinos ក្រោម​ចំណង​ជើងថា  “2019 Shinhan Bank My Car KBO League” នៅ​វេលា​ម៉ោង ៦ ល្ងាច​ម៉ោង​នៅ​កូរ៉េ​។ ព្រឹត្តិការណ៍​នេះ​នឹង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ដែល​ចូល​ចិត្ត​កីឡា​ baseball និង​អ្នក​គាំទ្រ​របស់​ Kang Daniel ជា​ច្រើន​។

​រយៈ​ពេលជិត ៦ ខែ​ហើយ​ចាប់​តាំង​ពី​ Kang Daniel បាន​បង្ហាញ​ខ្លួនចុង​ក្រោយ​​ក្នុង​ព្រឹត្តិការណ៍​ផ្លូវ​ការ​មួយ​បន្ទាប់​កម្មវិធី​ប្រគំ​តន្ត្រី​ចុង​ក្រោយ​របស់​ក្រុម Wanna One កាល​ពី​ដំណាច់​ខែ​មករា​។

នៅ​ដើម​ខែ​មីនា បន្ទាប់​ពី​បញ្ចប់​កុង​ត្រា​ជាមួយ​នឹង​ក្រុម​ Wanna One បាន​ជាង​ ២ ខែ Kang Daniel បាន​ដាក់​សំណើរ​មួយ​សុំ​ព្យួរ​កុ​ង​ត្រា​ផ្តាច់​មុខ​របស់​គាត់​ជាមួយ​ LM Entertainment ដែល​ជា​ផលិតកម្ម​គាត់​បាន​ធ្លាប់​ធ្វើ​ការ​ជាមួយ​កាល​ពី​ពេល​នោះ​។ តាំង​ពី​ពេល​នោះ​មក តារា​ចម្រៀង​រូប​នេះ​មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ផ្លូវ​ការ​ណា​មួយ​ឡើយ​។

កន្ល​ង​ទៅ​មិន​យូរ​ប៉ុន្មាន​នេះ​ Kang Daniel បាន​បង្កើត​ផលិត​កម្ម​ផ្តាច់​មុខ​ផ្ទាល់​ខ្លួន​មួយ​ឈ្មោះ Konnect Entertainment និង​កំពុង​ត្រៀម​ខ្លួន​ចេញ​ចម្រៀង​ទោល​របស់​គាត់​លើក​ដំបូង​។ ថ្មីៗ​នេះ គាត់​បាន​បញ្ចប់​ថត​ចម្រៀង​ថ្មី​នេះ​ហើយ​ និង​អន្ទះ​សា​ចង់​វិល​វិញ​ក្នុង​វិស័យ​ចម្រៀង​យ៉ាង​ខ្លាំង​។

កាល​ពី​ថ្ងៃទី១២ ខែមិថុនា ភ្នាក់​ងារ​របស់ Kang Daniel ផលិតកម្ម Konnect Entertainment បាន​លើក​ឡើង​ថា ” Kang Daniel នឹងត្រូវបាន​តែង​តាំង​ជា​ ឯក​អគ្គ​រដ្ឋ​ទូត​ទំនាក់​ទំនងសាធារណៈ​សម្រាប់​ទីក្រុង​ប៊ូសាន​ ហើយ​ពិធី​តែង​តាំង​នឹង​ឡើង​នៅ​ខែ​កក្កដា​”៕

ប្រភព៖ allkpop

(Number Of Views: 253 times)