កាល​ពី​ចុង​សប្ដាហ៍​មុន​ នៅ​ថ្ងៃ​ទី១១ ខែឧសភា​ មាន​ព័ត៌មាន​បែក​ធ្លាយ​តាមបណ្ដាញ​សង្គម​ថា​ តារា​សម្តែង​ស្រីហុង​កុង​ Fala Chen នឹង​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​មិត្ត​ប្រុស​ដែល​សេព​គប់​គ្នា​អស់​ ៣ឆ្នាំ និង​ជា​សហគ្រិនជន​ជាតិ​បារាំង គឺលោក Emmanuel Straschnov។

 

Fala ជួប​ជា​មួយ​ Emmanuel ដំបូង​នៅពេល​នាង​ទៅ​​បន្ត​ការ​សិក្សា​​ថ្នាក់អនុបណ្ឌិតនៅ​ប្រ​ទេស​អាមេរិក​។ តារា​សម្តែង​ស្រី​របស់​ហុង​កុង​រូប​នេះ​ធ្លាប់​បាន​បង្ហើ​ប​ក្នុង​បទ​សំភាសន៍​ថា ពួក​គេទាំង​ពីរ​​និយាយត្រូវ​គ្នា​ណាស់​ ហើយ​មាន​និស្ស័យ​ជា​មួយ​​គ្នា​ទៀត​។ យោង​តាម​របាយ​ការណ៍​ដែល​បែក​ធ្លាយ​បាន​ឱ្យ​ដឹង​ថា គូរស្នេហ៍​មួយ​នេះនឹង​រៀប​ចំពិធីមង្គល​ការ​សាមញ្ញៗ​ ហើយ​ពួក​គេ​ជ្រើស​រើសរៀប​ចំពិធី​នៅ​ប្រ​ទេស​បារាំង​ ដែល​ជា​ទី​កំណើត​របស់​ Emmanuel។ លិខិត​អញ្ជើញនឹង​ផ្តល់​ជូន​ត្រឹម​មិត្ត​ជិត​ស្និត​ និង​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ។

យោង​តាម​សម្តីរបស់​អ្នក​គ្រប់​គ្រង​របស់​ Fala បាន​ប្រាប់​យ៉ាង​ស្រពិច​ស្រពិលនៅ​ថ្ងៃ​ទី៩ ខែឧសភា​ ​ថា “ខ្ញុំមិន​បាន​​ជួប​នាង​ទេ​ថ្ងៃ​នេះ​ នាង​ត្រូវ​ហោះ​ទៅ​អាមេរិក​ព្រោះ​ការងារ​”។ នៅ​ពេល​សារព័ត៌​មាន​សួរ​បញ្ជាក់ថា​ តើ Fala ហោះ​ទៅអាមេរិក​ដើម្បី​ធ្វើ​ការ​ ឬហោះ​ទៅ​បារាំង​ដើម្បី​រៀប​ការ​? អ្នក​គ្រប់​គ្រង​ឆ្លើយ​៖ “ខ្ញុំមិន​បាន​ដំណឹង​អ្វី​ទាក់​ទង​ជា​មួយ​រឿង​នេះ​ទេ​ ខ្ញុំនឹងទៅ​សួរ​ Fala“។

នៅថ្ងៃ​តែ​មួយ​នោះ Fala បង្ហាញខ្លួន​ក្នុ​ងកម្ម​វិធី​មួយ​។ ទោះបី​ជា​រឿង​រៀបការ​មិន​ត្រូវ​បាន​និយាយ​ដល់​ ប៉ុន្តែ​មើល​ទៅ​នាង​មាន​អារម្មណ៍​ល្អ​ខុស​ពី​ធម្មតា​។​ ក្នុ​ងថ្ងៃ​នៃទិវា​មាតាពិភព​លោក (១២ ខែឧសភា) តារា​ស្រី​វ័យ​ ៣៧ឆ្នាំ​រូប​នេះ​ បាន​ប្រាប់​ថា​នាង​នឹង​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​នេះ​នៅ​ជា​មួយ​ឪពុក​ម្តាយ​។

អតីត​មិត្ត​ប្រុស​​របស់​ Fala ដែល​ទាក់​ទង​គ្នាអស់​រយៈ​ពេល​ ៦ឆ្នាំ​ គឺ​លោក​Daniel Sit ក៏​ត្រូវ​បាន​អ្នកសារព័ត៌​មាន​សួរ​បញ្ជាក់​ពី​​រឿងបែក​ធ្លាយ​នេះ​ដែរ​ ដែល​ចម្លើយ​ប្រាប់​ថា​ Fala ពិត​ជា​បាន​រៀប​ការ​នៅ​ថ្ងៃ​ទី១១ ខែឧសភា​ ពិត​មែន​​។ “ប្រាប់​ការ​ពិត​ចុះ​ ប៉ុន្មានសប្ដាហ៍​មុន​ Fala ទាក់​ទង​មក​ខ្ញុំ​ ហើយ​ប្រាប់​ខ្ញុំ​ថា​នាងមាន​គម្រោង​រៀប​ការ​។​​ ខ្ញុំ​ក៏​មិន​ច្បាស់​ពី​ថ្ងៃ​ខែជាក់លាក់​ និ​ងកន្លែង​នៃ​គម្រោង​រៀប​អាពាហ៍​ពិពាហ៍​របស់​នាង​ដែរ​។ ពួក​យើង​នៅ​តែ​ជាមិត្ត​ ហើយ​រាក់​ទាក់​គ្នា​ញឹកញាប់​ ខ្ញុំ​សប្បាយ​ចិត្ត​ជំនួស​នាង​ ហើយ​សង្ឃឹម​ថា​នឹង​មានសុភ​មង្គល​” Daniel និយាយ​៕

ប្រភព៖  entertainment

(Number Of Views: 176 times)