អតីត​សមាជិក​ក្រុម EXO លោក Huang Zitao (黄子韬) បាន​ប្រារព្ធ​ខួប​កំណើត​គម្រប់អាយុ​ ២៦ ឆ្នាំ​ កាល​ពីថ្ងៃទី២ ខែឧសភា និង​បាន​សរសេរ​ដ៏​រំជួល​ចិត្ត​លើ​គណនី​ Weibo។

គាត់​បាន​សរសេរ​ដូច្នេះ “មិន​មែន​ខ្ញុំ​អត់​មាន​ពាក្យ​និយាយ​ទេ​ ខ្ញុំ​ចង់​និយាយ​ច្រើន​ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​បញ្ចេញ​អារម្មណ៍​រំជើប​រំជួល​។ អរគុណ​គ្រប់​គ្នា​ដែល​បាន​នៅ​ជាមួយ​ខ្ញុំ​ និង​គ្រប់​គ្នា​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ខ្ញុំ​។ ចុង​បញ្ចប់​ ខ្ញុំ​ចង់​ជូនពរ​ខ្លួន​ឯង​ រីក​រាយ​​ថ្ងៃ​បុណ្យ​កំណើត​ៗ”

ដោយ​សារ​មានទំនាក់​ទំនង​ល្អ​ជាមួ​យ​នឹង​មនុស្ស​ជា​ច្រើន​ក្នុង​វិស័យ​សិល្បៈ Tao ទទួល​បាន​សារ​ជូនពរ​ជា​ច្រើន​ពី​សិល្បករ​សិល្ប​ការិនី​ និង​អ្នក​គាំទ្រ​ទាំង​អស់​នៅ​ពេល​ដែល​ទ្រនិច​នាឡិកា​ដើរ​ដល់​លេខ ១២។ ក្នុង​ចំណោម​សារ​ជូន​ពរ​ទាំង​អស់ សារ​ជូន​ពរ​របស់ Kris Wu គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​គេ​។

វា​មិន​ចម្លែក​ទេ​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​មា​ន​ប្រតិ​កម្ម​នឹង​ការ​ឆ្លើយ​ឆ្លើយ​គ្នា​រវាង​អ្នក​ទាំំង​ពីរ​ ព្រោះ​នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល Kris ផ្ញើ​សារ​ជូន​ពរ​ Tao តាម​គណនី​ Weibo ចាប់​តាំង​ពីគាត់​បាន​ចាក​ចេញ​ពីក្រុម  EXO។ ពេល​ដែល​ Kris ស្រាប់​តែ​ដក​ខ្លួន​ចេញ​ពី​ក្រុម​ EXO ក្នុង​ឆ្នាំ​២០១៤ ដោយ​មិន​បាន​ផ្តល់​ដំណឹង​ដល់​មិត្ត​រួម​ក្រុម​ទាំង​អស់​ឱ្យ​ដឹង​មុន​ វា​ធ្វើ​ឱ្យ​ Tao ឈឺ​ចិត្ត​ខ្លាំង​។ គាត់​ថែម​ទាំង​ខឹង​សម្បា​នឹង​រឿង​នេះ​ ហើយ​ថែម​ទាំង​សរសេរ​សារ​មួយ​ពី​ការ​ក្បត់​​គ្នា​។

ទោះ​ជា​យ៉ាង​ណា Tao បានសម្តែង​ការ​សោក​ស្តាយ​នៅ​ពេល​ក្រោយ​នៅ​ពេល​ដែល​គាត់​បាន​ចាក​ចេញ​ពី​ក្រុម EXO  ដែរ​ដើម្បី​ពង្រឹង​អាជីព​របស់​គាត់​ក្នុង​ប្រទេស​ចិន​។ ក្នុងប​ទ​សម្ភាសន៍​មួយ គាត់​ស្រាប់​តែ​ស្រក់​ទឹក​ភ្នែក​មិន​ឈប់​នៅ​ត្រង់​ការ​លើក​មក​និយាយ​ពី Kris ។ Tao បាន​និយាយ​ថា “បើ​ខ្ញុំ​មាន​ឱកាស​ ខ្ញុំ​នឹង​ប្រាប់​គាត់​ថា​កាល​នោះ​ខ្ញុំ​រហ័ស​ប្រតិ​កម្ម​ពេក​ និង​មិន​ដឹង​ថា​ Kris អធ្យា​ស្រ័យ​ឱ្យ​គាត់​ ឬ​យ៉ាង​ណា​ និង​បាន​ប្រាប់​ថា​ការ​បង្ហោះ​សារ​ពីមុន​គឺជា​រឿង​ដែល​គាត់​មាន​វិប្ប​ដិ​​សារី​បំផុត​។​

ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​ក៏​ប្រសើរឡើង​វិញ​​​បន្តិច​ម្តងៗ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ ហើយ​ទំនាក់​ទំនង​របស់​ពួក​គេ​ចាប់​ផ្តើម​ល្អ​ឡើង​វិញ​កាល​ពី​ចុង​ឆ្នាំ​មុន​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​កម្មវិធី​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​។ អំឡុង​ពេល​កម្មវិធី​ឆ្លង​ឆ្នាំ​នោះ ពួក​គេ​បាន​ឈរ​នៅ​ក្បែរ​គ្នា​នៅ​លើ​ឆាក​។ នៅ​ចុង​កម្មវិធី ពួក​គេ​បាន​សើច​ជាមួយ​គ្នា​ និង​បាន​ឱប​គ្នា​ទៀត​ផង​ដោយ​នោះ​ជាសញ្ញា​បំភ្លេច​ចោល​រឿង​យល់​ច្រឡំ​ពី​អតីត​កាល​ទាំង​អស់​។ ក្រោយ​មក Tao បាន​ចាប់​ផ្តើម​ផ្សព្វ​ផ្សាយ​ចម្រៀង​ថ្មី​ប៉ុន្មាន​បទ​របស់ Kris នៅ​លើ​គណនី​ Weibo ដោយ​នេះ​ជា​សញ្ញា​បញ្ជាក់​ថា​ពួក​គេ​ត្រូវ​រ៉ូវ​គ្នា​វិញ​ហើយ​៕

ប្រភព៖ jaynestars

(Number Of Views: 1,660 times)