BLACKPINK បាន​បន្ត​ធ្វើ​ឱ្យ​មាន​ភាព​រំជើប​រំជួល​នៅ​សហ​រដ្ឋ​អាមេរិក​ដោយ​ជា​ក្រុម​ចម្រៀង​ស្រី​កូរ៉េ​ដំបូង​ដែល​បង្ហាញ​ខ្លួន​លើ​ក្រប​មុខ​នៃ​ទស្សនា​វដ្តី Billboard Magazine។

Jisoo, Rosé, Jennie និង​ Lisa លម្អ​​ទស្សនា​វដ្តី​ទាំងនេះដែល​នឹង​ដាក់​លក់​នៅ​ថ្ងៃ​ទី២ ខែមីនា ។ ទស្សនា​វដ្តី​នេះ​នឹង​មាន​ ៥ ប្រភេទ​អាច​រក​ជាវ​បាន​៖ ៤ មាន​វត្ត​មាន​របស់​សមាជិក​នីមួយៗ​ ហើយ​ ១ មាន​វត្ត​មាន​របស់​ក្រុម​ទាំង​មូល​។

ទស្សនា​វដ្តី​​ទាំង​នេះ​អបអរ​នូវ​ជោគ​ជ័យ​របស់​ក្រុម BLACKPINK ដែល​សម្រេច​បាន​អំឡុង​ពេល​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ពួក​គេ​នៅ​សហ​រដ្ឋ​អាមេរិក​។ គេហ​ទំព័រ Billboard  បាន​ចេញ​អត្ថបទ​តាម​អន​ឡាញ​មួយ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ទស្សនា​វដ្តី​នេះ​ដែល​រម្លឹក​ពី​ការ​បង្ហាញ​ខ្លួន​ដំបូង​របស់​ស្រី​ស្រស់​ទាំង​នេះ និង​ការ​កើន​ប្រជា​ប្រិយ​ភាព​ជា​បន្ត​បន្ទាប់​នៅ​សហ​រដ្ឋ​អាមេរិក​របស់​ពួក​គេ​។​

ស្រី​ស្រស់​ទាំង​នេះ​ត្រូវ​បាន​គេ​លើក​ឡើង​ថា​ជា​ “ក្តី​សង្ឃឹម​ដ៏​អស្ចារ្យ​​ និង​ថ្មី​បំផុត​របស់​​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​ចាប់​ផ្តើម​ធ្វើ​ឱ្យ​តន្ត្រី​កូរ៉េ​លេច​ធ្លោ​នៅ​អាមេរិក​”។ ឥទ្ធិពល​របស់​ពួក​គេ​នៅ​សហរដ្ឋ​អាមេរិក​ជា​ភ័ស្តុតាង​បញ្ជាក់​ថា​ពួក​គេ​ជា​ក្រុម​ចម្រៀង​ស្រី​កូរ៉េ​ដែល​ជាប់​ចំណាត់​ខ្ពស់​ជាង​គេ​ក្នុង​តារាង​ចំណាត់ចម្រៀង​ជា​ច្រើន​របស់​ Billboard។

គេហ​ទំព័រ​ Billboard  ក៏​លើក​មក​និយាយ​ពី​គ្រោង​មួយ​ចំនួន​របស់​ពួក​គេ​នៅ​ថ្ងៃ​ខាង​មុខ៖​ យុទ្ធ​សាស្ត្រ​ដែល​ពួក​គេ​ប្រើ​ដើម្បីសម្រេច​ជោគ​ជ័យ​ក្នង​នាម​ជា​ក្រុម​កូរ៉េ​មុន​គេ​ដែល​នឹង​ទៅ​ច្រៀង​នៅ Coachella បន្ទាប់​ពី​ចាប់​ផ្តើម​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​នៅ​អាមេរិក​ខាង​ជើង​របស់​ពួកគេ​ដែល​មាន​ឈ្មោះ​ថា In Your Area ។

ក្នុងប​ទ​សម្ភាសន៍​មួយ​ជាមួយ​នឹង​ Billboard ក្រុម BLACKPINK បាន​លើក​ឡើង​ថា ភាព​ទាក់​ទាញ​នៅ​គ្រប់​ទីកន្លែង​របស់​ពួកគេ​ផ្អែក​លើ​សញ្ជាតិ​ចម្រុះ​គ្នា​របស់​ពួក​គេ​។ Rosé បាន​និយាយ​ថា “យើង​យល់​ដឹង​ច្រើន​ទាំង​ពី​វប្បធម៌​កូរ៉េ​ និង​នៅ​បស្ចិម​ប្រទេស​”។ ទស្សនា​វដ្តី​ទាំង​នេះ​នឹង​មាន​បទ​សម្ភាសន៍​មួយ​ចំនួន​ដែល​ទាក់​ទឹង​នឹង​បទ​ពិសោធន៍​ជា​ច្រើន​របស់​ស្រីស្រស់​ទាំង​នេះ​ក្នុង​នាម​ជា​អ្នក​ហ្វឹក​ហាត់​ និងរបៀប​រស់​នៅ​​ពួកគេ​ក្នុង​នាម​ជា​តារា​ចម្រៀង​កូរ់េ​៕

ប្រភព៖ hellokpop

(Number Of Views: 589 times)