Hawick Lau តបទៅនឹងទៅពាក្យចចាមអារ៉ាមមានសង្សារថ្មីថា ខ្ញុំមិនស្គាល់នារីម្នាក់នោះទេ
បីបួនថ្ងៃកន្លងទៅ មានស្ត្រីម្នាក់ឈ្មោះ Britney បានបង្ហោះរូបថតមួយសន្លឹកដែលនាងបានថតជាមួយនឹង Hawick Lau (劉愷威) នៅលើបណ្តាញសង្គមអនឡាញ។ ពេលដែលអ្នកប្រើប្រាស់អ៊ីនធឺណេតម្នាក់បានលើកមកនិយាយពីប្រពន្ធរបស់គាត់ឈ្មោះ Yang Mi (楊冪) នៅក្នុងការបញ្ចេញមតិមួយ Britney បានតបទៅនឹងការបញ្ចេញមតិនោះថាប្តីប្រពន្ធនេះបានលះលែងគ្នារយៈពេល ២ ឆ្នាំហើយ។
គួររលឹកផងដែរ ពាក្យចចាមអារ៉ាមសង្ស័យថា Hawick និង Yang Mi បានលះលែងគ្នានេះត្រូវបានគេនិយាយតៗគ្នាអស់រយៈពេលជិត ១ ឆ្នាំហើយ។ កាលពីថ្ងៃទី១២ ខែកញ្ញា គឺជាថ្ងៃខួបកំណើតរបស់ Yang Mi អ្នកនាង Yang Mi បានបង្ហោះរូបថតមួយសន្លឹកដែលបានថតជាមួយនឹងមិត្តភ័ក្តិមួយចំនួនរបស់នាងក្នុងបណ្តាញសង្គមអនឡាញ ប៉ុន្តែ Hawick មិនបានបញ្ចេញមតិអ្វី ឬផ្ញើសារជូនពរនាងនៅថ្ងៃខួបកំណើតសោះ។ ការឆ្លើយឆ្លងគ្នារវាង Hawick និង Yang Mi នៅក្នុងបណ្តាញសង្គមអនឡាញមានបន្តិចបន្តួចរហូតដល់គ្មានសោះ ហើយប្តីប្រពន្ធមួយគូនេះតែងតែមិនបញ្ចេញមតិអ្វីតបនឹងពាក្យចចាមអារ៉ាមលែងលះគ្នាវិញទេនៅពេលដែលគេសុំឱ្យពួកគេបញ្ចេញមតិខ្លះពីរឿងនេះ។ ឮថាពួកគេចង់រក្សាភាពផ្អែមល្ហែមជាមួយគ្នាដោយព្រោះតែការថតស្ប៉តពាណិជ្ជកម្មជាមួយគ្នា។
ទោះជាយ៉ាងណា Hawick បានតបទៅនឹងការអះអាងដ៏ម៉ឺងមាត់របស់ Britney វិញ។ បុគ្គលិកម្នាក់ពីស្ទូឌីយ៉ូផលិតរឿងរបស់ Hawick បានប្រាប់សារព័ត៌មានថា “Hawick មិនស្គាល់ស្ត្រីម្នាក់នេះទេ។ រូបថតនោះបានថតពេលគាត់កំពុងថតរឿង។ បុគ្គលិកនៅស្ឌូឌីយ៉ូបាននាំស្ត្រីម្នាក់នោះមកជួបនឹង Hawick ពីព្រោះនាងចង់ថតរូបជាមួយនឹងគាត់។ Hawick បានបង្ហាញការគួរសម។ អ្នកទាំងពីរអត់មានការនិយាយឆ្លើយឆ្លងគ្នាច្រើនទេ។ យើងមិនដឹងហេតុអ្វីនាងបានបញ្ចេញមតិអះអាងយ៉ាងហ្មត់ចត់ពីរឿងនេះនៅលើបណ្តាញសង្គមដូច្នេះទាល់តែសោះ។ ពេលយើងបានដឹងរឿងនេះ យើងបានចូលទៅកាន់គណនី Weibo របស់នាង ហើយយើងអត់ឃើញការបញ្ចេញមតិនោះទៀតទេ ព្រោះនាងបានលុបវាចោលវិញហើយ”៕
ប្រភព៖ jaynestars