G-Dragon ត្រូវបានគេបង្ខំឱ្យចេញពីបន្ទប់ព្យាបាលខណៈកំពុងត្រូវការជំនួយព្យាបាលជង្គង់របស់គាត់
កាលពីថ្ងៃទី៣០ ខែមិថុនា សេចក្តីរាយការណ៍ផ្តាច់មុខមួយបានអះអាងថា G-Dragon សមាជិកក្រុមចម្រៀង Big Bang ត្រូវបានគេបង្ខំឱ្យចាកចេញពីបន្ទប់ព្យាបាលជំងឺនៅមន្ទីរពេទ្យរបស់គាត់ដែលស្ថិតនៅមន្ទីរពេទ្យទាហានឈ្មោះ Yangzhou Armed Forces Hospital។
សេចក្តីរាយការណ៍នេះបាននិយាយថា G-Dragon ត្រូវបានគេបញ្ជូនទៅបន្ទាយយោធារបស់គាត់វិញដែលស្ថិតនៅ Chulwon កាលពីថ្ងៃទី២៩ ខែមិថុនា ដោយគ្មានការព្រមព្រៀងពីសាមីុខ្លួន ឬអ្នកដែលទទួលខុសត្រូវមើលថែគាត់នោះឡើយ។ ដើម្បីជាការឆ្លើយតបទៅនឹងការអះអាងនេះ អ្នកនាំពាក្យប៉ុន្មាននាក់ពី Yangzhou បានលើកឡើងដោយសាមញ្ញថា “សូមសួរព័ត៌មានលម្អិតជាក់លាក់ពីក្រសួងការពារជាតិ។ ប៉ុន្តែ បច្ចុប្បន្ន សារព័ត៌មានពុំអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីនៅក្រសួងការពារជាតិបានឡើយ។
កាលពីថ្ងៃទី២៥ ខែមិថុនា លោក G-Dragon បានជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសអំពីការទទួលបានសេវាកម្មព្យាបាលពិសេសជាងគេខណៈកំពុងទទួលការវះកាត់ព្យាបាលក្បាលជង្គង់របស់គាត់។ បើទោះបីទាំងខាងផលិតកម្មរបស់គាត់ និងមន្ត្រីនៅក្រសួងការពារជាតិបានច្រានចោលពាក្យចចាមអារ៉ាមពីការទទួលបានសេវាកម្មពិសេសនេះថាជារឿងមិនពិត សេចក្តីរាយការណ៍ព័ត៌មានបន្ថែមនៅតែបន្តឯកភាពថាតារាចម្រៀង G-Dragon ពិតជាទទួលបានសេវាកម្មព្យាបាលពិសេសជាងគេប្រាកដមែន។
ទន្ទឹមនឹងនេះ ថ្មីៗនេះបុគ្គលក្នុងយោធាម្នាក់ក៏បានជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសនេះដែរដោយបានជ្រៀតជ្រែកខ្លាំងក្នុងរឿងឯកជនរបស់ G-Dragon។ យោងតាមសម្តីមនុស្សមួយចំនួន បុគ្គលក្នុងយោធាដែលគេកំពុងលើកយកមកជជែកគ្នានេះបានរក្សាទុកនូវព័ត៌មានលម្អិតពីរាល់សកម្មភាពប្រចាំថ្ងៃរបស់លោក G-Dragon បន្ទាប់មក ចែករំលែកព័ត៌មានទាំងនេះទៅឱ្យអ្នកដែលគាត់ស្គាល់ក្នុងបំណងឱ្យគេដឹងទាំងអស់គ្នា៕
ប្រភព៖ allkpop