ដើម្បីអញ្ជើញតារាល្បី​ដួង​ណា​មួយ​ឱ្យ​ទៅ​បង្ហាញ​ខ្លួន​ក្នុង​កម្ម​វិធី ឬ​ព្រឹត្តិការណ៍​អ្វី​មួយ ម្ចាស់​កម្ម​វិធី​ត្រូវ​ចំណាយ​ប្រាក់​មិន​តិច​នោះ​ទេ។ ជាក់​ស្តែង​ដូច​ជា​តារា​សម្តែង Lee Min Ho នេះ​ជា​ដើម។ ពេល​ប្រិយ​មិត្ត​បាន​ដឹង​ពី​តម្លៃ​ខ្លួន​ដែល​ទទួល​បាន​ពី​ការ​បង្ហាញ​ខ្លួន​ក្នុង​កម្ម​វិធី​អ្វី​មួយ​របស់​គេ ពិត​ជា​លោះ​ព្រលឹង​ជា​មិន​ខាន។

គេបានឱ្យដឹងថា ចូល​រួម​ក្នុង​មួយ​កម្ម​វិធី Lee Min Ho ទទួល​បាន​៩០០ លាន​វ៉ុន​ដែល​ត្រូវ​ប្រហែល​ជា​៧៨៤ ៩៥១ ដុល្លារ​អាមេរិក។ គេ​ចាំ​ថា​គ្រា​មួយ Lee Min Ho ត្រូវ​បាន​គេ​អញ្ជើញ​​ឱ្យ​ទៅ​ក្រុង​ហុងកុង​ដើម្បី​បង្ហាញ​មុខ​នៅ​ទី​នោះ​ត្រឹម​តែ​មួយ​រយៈ​ខ្លី​តែ​ប៉ុណ្ណោះ​។

កាលនោះដោយសារតែ​មិន​អាច​ទៅ​បាន អ្នក​រៀប​ចំ​កម្ម​វិធី​ខក​ចិត្ត ហើយ​ចង់​បាន​វត្តមាន Lee Min Ho នៅ​ទី​នោះ​ជា​ខ្លាំង។ ពួក​គេ​ក៏​បាន​សម្រេច​ជួល​យន្ត​ហោះ​មួ​យ​ឱ្យ Lee Min Ho ជិះ​ទៅ​ទី​នោះ​តែ​ម្តង។ ជិះយន្តហោះមួយតែ​ម្នាក់​ឯង Lee Min Ho ក៏​បាន​ទៅ​ដល់​ក្រុង​ហុងកុង​តាម​ការ​អញ្ជើញ។ ចំពោះ​តម្លៃ​ខ្លួន​វិញ កាល​នោះ Lee Min Ho ទទួល​បាន​ជាង​១០ ប៊ីលាន​វ៉ុន​ដែល​ត្រូវ​ជា​ប្រហែល​៨ ៧២២ ៥៧៩ ដុល្លារ​អាមេរិក។

ថ្វីបើភ្នាក់ងាររបស់ Lee Min Ho មិន​បាន​បញ្ជាក់​ថា​ចំនួន​ខាង​លើ​គឺ​ជា​តួ​លេខ​ពិត​ក៏​ពិត​មែន តែ​ផលិត​កម្ម MYM Entertainment ប្រាប់​ថា​វា​ជា​ចំនួន​ដែល​ហួស​ពី​ការ​ស្មាន​មួយ​។ MYM Entertainment៖ “យើង​អត់​មាន​បាន​កំណត់​តម្លៃ​ស្តង់ដា​ក្នុង​ការ​បង្ហាញ​ខ្លួន​របស់​តារា​សម្តែ​ង​យើង​នោះ​ទេ​…Lee Min Ho ក៏​មិន​បាន​ទៅ​ចូល​រួម​កម្ម​វិធី​អ្វី​ច្រើន​ដែរ​…​យើង​មិន​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​អនុញ្ញាត​ឱ្យ​តារា​សម្តែង​របស់​យើង​ទៅ​បង្ហាញ​ខ្លួន​ក្នុង​កម្ម​វិធី​អ្វី​មួយ​ដោយ​ផ្អែក​លើ​តម្លៃ​ខ្លួន​ដែល​ម្ចាស់​កម្ម​វិធី​ផ្តល់​ឱ្យ​នោះ​ទេ​…តែ​តម្លៃ​ខ្លួន​ដែល​អ្នក​រៀប​ចំ​កម្ម​វិធី​ផ្តល់​ឱ្យ​យើង​កាល​ពី​ពេល​ដែល Lee Min Ho ទៅ​ចូល​រួម​ក្នុង​កម្ម​វិធី​មួយ​នៅ​ក្រុង​ហុងកុង​គឺ​ច្រើន​ហួស​ពី​អ្វី​ដែល​ពួក​យើង​បាន​គិត​ទៅទៀត”៕

ប្រភព៖ koreaboo

(Number Of Views: 765 times)