អ្នកដឹកនាំការថត​វីដេអូ​ចម្រៀង​របស់​តារា​ចម្រៀង​ Taylor Swift កំពុង​តែ​រង​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​ពី​បណ្តា​អ្នក​ប្រើ​ប្រាស់​អ៊ីនធើណេត​ក្រោយ​ពី​បាន​ធ្វើ​ការ​ឌឺដង​ដោយ​ពាក្យ​សម្តី​មក​លើ​អតីត​ក្រុម​ចម្រៀង​ស្រី 2NE1 របស់​ផលិត​កម្ម YG Entertainment ។

សូមរំលឹកឡើងវិញថា​កាល​ពី​ឆ្នាំ​២០១៥ លោក Joseph Kahn ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ការ​លួច​ចម្លង​តាម​ស្នាដៃ​ក្នុង​វីដេអូ​ចម្រៀង​បទ “Come Back Home” របស់​ក្រុម​ចម្រៀង​ស្រី 2NE1​។

ហើយថ្មីៗនេះ អ្នក​ដឹក​នាំ​ថត​វីដេអូ​ចម្រៀង​របស់ Taylor Swift ដដែល​រូប​នេះ​ក៏​ត្រូវ​បាន​គេ​ចោទ​ថា​​លួច​ចម្លង​ស្នាដៃ​ក្នុង​វីដេអូ​ចម្រៀង​បទ “Lemonade” របស់​កំពូល​តារា​ចម្រៀង Beyonce ផង​ដែរ។

ដោយបានឆ្កឹះចំដំបៅ​ចាស់​ដែល​ទំនង​ជា​នៅ​មិន​ទាន់​បាត់​ឈឺ​ផង​នោះ លោក Joseph Kahn ក៏​បាន​និយាយ​ឌឺ​ទៅ​វិញ​ថា​៖ “មិន​យូរ​ទេ ខ្ញុំ​ពិត​ជា​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ស្នាដៃ​ចេញ​ពី​វីដេអូ​បទ​ចម្រៀង​មួយ​ទៀត​ដែល​ថត​ក្នុង​គុក​នៅ​កូរ៉េ​ខាង​ជើង​ជា​មិន​ខាន​ឡើយ។”

តាមសម្តីនេះ បណ្តា​អ្ន​ក​គាំទ្រ​ជា​ច្រើន​យល់​ថា​អ្នក​ដឹក​នាំ​ថត​វីដេអូ​បទ​ចម្រៀង​របស់ Taylor Swift ខាង​លើ​ពិត​ជា​ចង់​សម្តៅ​ទៅ​ក្រុម 2NE1 ដោយ​ប្រដូច​ក្រុម​នេះ​ទៅ​នឹងកូរ៉េ​ខាង​ជើង។ ​សម្តី​នេះ​បាន​ធ្វើ​ឱ្យ​ពួ​ក​គេ​មិន​សប្បាយ​នឹង​យក​ត្រចៀក​ស្តាប់​នោះ​ទេ ហើយ​ក៏​មាន​អ្នក​ខ្លះ​ឆ្ងល់​ថា​តើ​ហេតុ​អ្វី​បាន​ជា​បុគ្គល​នេះ​លើក​យក​រឿង​ចាស់​កាល​ពី​២ ឆ្នាំ​មុន​មក​និយាយ​ពេល​នេះ​ផង​ដែរ។

ប្រភព៖ koreaboo

(Number Of Views: 4,372 times)