ស្រីស្រស់ Tzuyu សមាជិក​ក្រុម​ចម្រៀង​ស្រី TWICE ដ៏​ល្បី​ល្បាញ​របស់​កូរ៉េ​ខាង​ត្បូង​គឺ​ជា​ទី​មោទនៈ​ដ៏​ធំធេង​មួយ​របស់​ប្រជា​ជន​នៅ​តៃ​វ៉ាន់ ដែល​ជា​ទី​កំណើត​របស់​នាង។

កុលាបមួយទង​នេះ​គឺ​ជា​តារា​ចម្រៀង​សញ្ជាតិ​តៃវ៉ាន់​ដំបូង​គេ​បង្អស់​ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ចម្រៀង​ស្រី​របស់​កូរ៉េ​ខាង​ត្បូង។ ទន្ទឹម​នឹង​នេះ នាង​ក៏​បាន​សាង​ប្រជា​ប្រិយ​ភាព​ក្នុង​ពិភព K-pop បាន​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ។

ថ្វីបើមានតារា​ចម្រៀង​ស្រី​ប្រុស​ជា​ច្រើន​ដួង​មាន​ឈ្មោះ​បោះ​សម្លេង និង​ល្បី​ល្បាញ​នៅ​តៃវ៉ាន់​ក៏​ពិត​មែន តែ​បើ​ធៀប​ទៅ ​អ្នក​ដែល​មាន​​ប្រជា​​ប្រិយ​ភាព​ផុត​លេខ​នោះ​គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី Tzuyu នោះ​ទេ។

ព្រោះតែមានឈ្មោះ​ល្បី​ល្បាញ​ខ្លាំង​នៅ​តៃវ៉ាន់​នេះ​ហើយ ​ទើប​បាន​​ជា​គ្រូ​បង្រៀន​មួយ​រូប​បាន​ជ្រើស​នាង​ធ្វើ​ជា​ប្រធាន​បទ​សំណួរជា​ភាសា​អង់គ្លេស​មួយ​ឱ្យ​សិស្ស​ធ្វើ​។

ក្រោយពីបញ្ចប់ Homework របស់​ខ្លួន​ហើយ សិស្ស​សញ្ជាតិ​តៃ​វ៉ាន់​ដែល​ជា​អ្នក​គាំទ្រ​របស់​នាង​ម្នាក់​ដែរ​នោះ​ បាន​បង្ហោះ​ទំព័រ​កិច្ច​ការ​ដែល​គេ​បាន​ធ្វើ​ចូល​ក្នុង​គណនី​បណ្តាញ​សង្គម Twitter ។

ក្រៅពីនេះ នៅ​ក្នុង​សំណួរ​ពហុ​ជ្រើស​រើស​ចន្លោះ​ពី​សំណួរ​ទី​៣១ ដល់​សំណួរ​ទី​៣៣ ក៏​មាន​ចោទ​សួរ​ពី​ Tzuyu ផង​ដែរ ដោយ​ក្នុង​នោះ​គេ​ដាក់​ជា​កថា​ខណ្ឌ​មួយ​អំពី​នាង​ឱ្យ​សិស្ស​អាន​ហើយ​រើស​ចម្លើយ​ដែល​ត្រឹម​ត្រូវ។

តាមរយៈសន្លឹក​កិច្ច​ការ​របស់​សិស្ស​សញ្ជាតិ​តៃវ៉ាន់​ដែល​ជា​អ្នក​គាំទ្រ​នាង​ខាង​លើ​ឃើញ​ថា​គេ​អាច​ឆ្លើយ​បាន​យ៉ាង​ត្រឹម​ត្រូវ​ពី Tzuyu ។

នេះមិនមែនទើបតែ​លើក​ទី​១ ទេ​ដែល​ក្រុម TWICE បាន​ក្លាយ​ជា​ប្រធាន​បទ​សំណួរ​ក្នុង​ការ​ប្រលង​របស់​សិស្ស។ កាល​ពី​ដើម​ឆ្នាំ​នេះ បទ​ចម្រៀង “TT” ដ៏​ល្បី​របស់​ក្រុម​នេះ​ក៏​ត្រូវ​បាន​គេ​ប្រើ​ជា​ប្រធាន​បទ​ក្នុង​ការ​ប្រលង​នៅ​កូរ៉េ​ផង​ដែរ។

ទាំងនេះអាចជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា TWICE ពិត​ជា​ក្រុម​ចម្រៀង​ស្រី​ដ៏​មាន​ប្រជា​ប្រិយ​ភាព​បំផុត​នៅ​អាស៊ី​យើង​នា​ពេល​នេះ​ដោយ​ពួក​គេ​បាន​ឆក់​យក​បេះដូង​អ្នក​គាំទ្រ​នៅ​គ្រប់​ទិស​ទី​រួម​ទាំង​គ្រូ​បង្រៀន​ជា​ច្រើន​នាក់​ផង​ដែរ៕

ប្រភព៖ koreaboo

(Number Of Views: 1,193 times)