បច្ចុប្នន្ន ខ្សែ​ភាព​យន្ត​ភាគ​ថ្មី Princess Agents ​សម្តែង​ដោយ​តារា​ស្រី​ល្បី​ Zhao Liying កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ដោយ​ក្នុង​នោះ ចំនួន​អ្នក​ទស្សនា​ការ​ផ្សាយ​ផ្ទា​ល់លើ​បណ្តាញ​អ៊ីនធឺណេត​បាន​កើន​ឡើង​ដល់​ទៅ​ជាង ២០ពាន់​ដង​ហើយ។ ភាព​ជោគ​ជ័យ​នេះ មិន​ត្រឹម​តែ​ដោយ​សារ​​ខ្សែ​ភាព​យន្ត​មាន​ភាព​ទាក់ទាញប៉ុណ្ណោះ​​ទេ ប៉ុន្តែ​គុណ​សម្បិត្ត​មួយ​ភាគ​ធំ​ក៏​ជា​របស់​តួ​ឯក​ស្រី Liying ផង​ដែរ។ ឃើញ​ថា ការ​សម្តែង​របស់​តួ​ឯក​ស្រី​រូប​នេះ ពិត​ជា​សម​សួន​ខ្លាំង​ណាស់ ពី​តួ​អង្គ​ទាស​ករ​ម្នាក់ដែល​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គរហូត​ដល់​ចុងក្រោយ​ក៏​ក្លាយ​ជា​អ្នក​ជំនាញ​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​កង​ទ័ព​ដ៏​មាន​ឥទ្ធិ​ពល​ម្នាក់​ប្រចាំ​អាណាចក្រខ្លួន​។

ការ​ពិត ប្រវត្តិ​ពិត​របស់ Liying ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​តួ​អង្គ​ក្នុង​រឿង​ថ្មី​របស់​នាង​នេះដែរ។ តារា​ស្រី​វ័យ ២៩ឆ្នាំ​រូប​នេះ​បាន​ប្រឡូក​ក្នុង​សិល្បៈតាំង​ពី​ឆ្នាំ២០០៦ ក្នុង​នាម​ជា​តួអង្គ​រាយ​រង​ម្នាក់​ប៉ុណ្ណោះ។ រហូត​មក​ដល់​ឆ្នាំ ២០១០ ទើប​នាង​ចាប់​ផ្តើម​ទទួល​បាន​ការ​ចាប់​អារម្មណ៍។ ឆ្នាំ ២០១៣ ប្រជាប្រិយ​ភាព​របស់​នាង​ក៏​ចាប់​ផ្តើម​រីក​សុះ​សាយ បន្ទាប់​ពី​ស្រី​តូច​ច្រឡឹង​រូប​នេះស​ម្តែង​ជា​តួឯក​ក្នុង​រឿង Legend of Lu Zhen។  ក្រោយ​សម្តែង​ក្នុង​រឿង​ភា​គដ៏​ល្បីល្បាញ The Journey of Flower នៅ​ឆ្នាំ២០១៥ ភាពជោគ​ជ័យ​របស់​នាង​ក៏​​ចាប់​ផ្តើមមាន​លំនឹង។

យ៉ាងណា​មិញ វិថី​តារា​នេះមិន​មែន​ជា​វិថី​មួយ​ដែល​ងាយ​ស្រួល​ដើរ​ឡើយ​សម្រាប់ Liying។ រហូត​មក​ដល់​បច្ចុប្បន្ន នាង​តែង​តែ​ទទួល​រង​នូវ​មតិ​អវិជ្ជ​មាន​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​គ្រួសារ​របស់​នាង។ អ្នក​ដែល​មិន​ចូលចិត្ត Liying បាន​ប្រើ​ប្រាស់​ប្រវត្តិ​គ្រួសារ​នាង​មក​មើល​ងាយ​នាង​ថា​នាង​ក្រ ជា​ស្រី​ស្រុក​ស្រែ​វណ្ណៈ​តូច​ទាប​ រៀនចប់​ត្រឹម​ថ្នាក់​បាក់​ឌុប។ បើ​ទោះ​ជា​ទទួល​រង​ការ​មើល​ងាយ​ខ្លះ ប៉ុន្តែនារី​រូប​នេះ​មិន​ដែល​ព្យាយាម​លាក់​ប្រវត្តិ​របស់​ខ្លួន​ឡើយ។ នៅ​ក្នុង​កម្ម​វិធី​មួយ នាង​បាន​និយាយ​ដោយ​ឥត​លាក់​លៀម​ថា “ខ្ញុំ​ធំ​ឡើង​នៅ​ទី​ជន​បទ។ ដូន​តា​ខ្ញុំ​សុទ្ធ​តែ​ជា​កសិករ។ បើ​ទោះ​ជា​ពួក​គាត់​សុទ្ធ​តែ​ស្រឡាញ់​សិល្បៈ ប៉ុន្តែ​ពួក​គាត់​ក៏​មិន​ដែល​គាំទ្រ​ឱ្យ​កូន​ចៅ​ចូល​ប្រឡូក​ក្នុង​វិស័យ​ខ្សែ​ភាព​យន្ត និង​រឿង​ភាគ​ទូរទស្សន៍​នេះ​ទេ។ ប៉ុន្តែ ព្រោះ​តែ​ខ្ញុំ​ជា​ស្រី​ជន​បទ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​រឹង​មាំ និង​មាន​ឆន្ទៈ​ខ្ពស់។ ព្រោះ​តែ​ភាព​ជូរ​ចត់​ទាំង​នេះទើប​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ​បាន”។

គូស​បញ្ជាក់​ផង​ដែរ​ថា តាំង​ពី​ជោគ​ជ័យ​ខ្លាំងនៅ​ក្នុង​ឆ្នាំ ២០១៤ Liying ក៏​បាន​បង្កើត​ភ្នាក់​ងារ​តារា​ខ្លួន​ឯង​មួយ​កន្លែង ដោយ​ក្នុង​នោះ នាង​ក៏​បាន​ទទួល​ចុះ​កុង​ត្រា​ជាមួយ​នឹង​តារា​ដូចជា Kim Han និង Wang Zijie ដែល​សុទ្ធ​តែ​ជា​តារា​ជំនាន់​ថ្មី​មាន​សក្កា​នុពល៕

ប្រភព៖ jaynestarspanda

(Number Of Views: 1,818 times)