បន្ទាប់​ពី​ក្រុម​ចម្រៀង​កូរ៉េ BTS ជាប់​ឈ្មោះ​ជា​ក្រុម​ចម្រៀង​មួយ​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត​នៅ​លើ​បណ្តាញ​អ៊ីនធឺណេត ពេល​នេះ TIME Magazine ក៏​បាន​អញ្ជើញ​មេ​ក្រុម​នៃ​ក្រុម​នេះ គឺ​កំលោះ​សង្ហា Rap Monster មក​ផ្តល់​កិច្ច​សម្ភាសន៍​ខ្លះៗ​ទាក់​ទង​នឹង​គន្លឹះ​នៃ​ការ​ពង្រឹង​កេរ្តិ៍​ឈ្មោះលើ​​បណ្តាញ​​សង្គម។

ក្នុង​នាម​ជា​មេ​ក្រុម និង​ជា​សមាជិក​ដែល​សកម្ម​ភាព​ជាង​គេ​ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម Rap Monster បាន​ពន្យល់​ប្រាប់​ពី​រឿង​រ៉ាវ​ខ្លះៗ​អំពី​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ក្រុម និង​អ្នក​គាំទ្រ​តាម​រយៈ​បណ្តាញ​សង្គម​។

Rap Monster បាន​ឱ្យ​ដឹង​ថា “ពួក​យើង​មិន​បាន​ដឹង​ថា​ខ្លួន​ឯង​ល្បី​ដល់​ថ្នាក់​ហ្នឹង​ទេ រហូត​ដល់​ថ្ងៃ​មួយ​ដែល​ពួក​យើង​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូល​រួម​កម្ម​វិធី KCONs ក្នុង​សហ​រដ្ឋ​អាមេរិក និង​អឺរ៉ុប កាល​ពី​ខ្ទង់​ឆ្នាំ ២០១៤ ឬ ២០១៥។ ជា​ញឹក​ញាប់ យើងតែង​តែ​ឱ្យ​អ្នក​គាំទ្រ​បាន​ដឹងពី​សកម្ម​ភាព​របស់​ពួក​យើង​តាម​រយៈ​ការ​បង្ហោះ​រូប​សែលហ្វី បទ​ចម្រៀង រូប​ភាព​ម៉ូត​សម្លៀក​បំពាក់​ជា​ដើមនៅ​លើ​បណ្តាញ​សង្គម Twitter។”

Rap Monster បាន​បន្ត​ទៀត​ថា “ការ​ពិត យើង​ក៏​មិន​បាន​ឆ្លើយ​តប​សារ​អ្នក​គាំទ្រ​ទាំង​អស់​ដែរ ព្រោះ​តែ​វា​ច្រើន​ពេក ប៉ុន្តែ ពួក​យើង​តែង​ព្យាយាម​មើល​រាល់​សកម្ម​ភាព​អ្នក​គាំទ្រ​របស់​យើង​ទាំង​អស់​នៅ​លើ​បណ្តាញ​សង្គម​នេះ។ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួលទេ​ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គ​ម​ជា​ញឹក​ញាប់ ប៉ុន្តែ យើង​ពិត​ជា​ចូល​ចិត្ត​និយាយ​លេង​ជាមួយ​អ្នក​គាំទ្រ​របស់​យើង​ណាស់ មិន​ថា​យប់ ឬថ្ងៃ​ទេ។ សមា​ជិក BTS តែង​តែ​និយាយ​លេង​ជាមួយ​អ្នក​គាំទ្រ​ដូច​ជា​មិត្ត​ភក្តិដែល​មាន​ចំណូល​ចិត្ត​លើ​តន្ត្រី​ដូច​គ្នា។ ពេល​ខ្លះ អ្នក​គាំទ្រ​ក៏​បាន​ផ្តល់​ឱ្យ​យើង​នូវ​គំនិត​ថ្មីៗ ព្រោះ​ពួក​យើង​តែង​តែ​ពិភាក្សា​គ្នា​ពី​បញ្ហាដែល​ក្មេងៗ​ដូច​ជា​ពួក​យើង​បាន​ជួប​ប្រទះ​ក្នុង​ជីវិត។ បន្ទាប់​មក យើង​ក៏​យក​គំនិត​ទាំង​នោះ​មក​បង្កើត​ជា​បទ​ភ្លេង”៕

ប្រភព៖ koreaboo

(Number Of Views: 1,251 times)