Muay Thai ជា​យុទ្ធ​គុន​មួយ​ប្រភេទ​របស់​ប្រទេស​ថៃ ហើយ​វា​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​បរទេស​ស្គាល់ និង​ចាប់​អារម្មណ៍​ពី​ប្រទេស​ដែល​មាន​ទំនៀម​ទំលាប់​ វប្ប​ធម៌ និង​ប្រពៃណី​ស្រដៀង​នឹង​កម្ពុជា​យើង​ដែរ​នេះ។ ជាក់​ស្តែង កីឡា​ករ​ថៃ​ល្បីៗ​ជា​ច្រើន​នាក់​បាន​យក​ក្បាច់​គុន​ដែល​ខ្លួន​បាន​ហ្វឹក​ហាត់​នេះ​ទៅ​ប្រកួត​លើ​ឆាក​អន្តរ​ជាតិ​ដើម្បី​បង្ហាញ​ឱ្យ​គ្រប់​គ្នា​បាន​ឃើញ។ បច្ចុប្បន្ននេះ កីឡាករ​ជួរ​មុខ និង​ល្បី​ជាង​គេ​របស់​ប្រទេស​ថៃ​គឺ​កីឡា​ករ Buakaw Benchamek ។ ជាមួយ​នឹង​តម្លៃ​ខ្លួន​ដ៏​ខ្ពស់ Buakaw ជា​ជើង​ខ្លាំង​បំផុត​ដែល​គ្មាន​គូ​ប្រកួត​ក្នុង​ស្រុក​ និង​​តែង​តែ​បង្ហាញ​ខ្លួន​លើ​សង្វៀន​បរទេស ហើយ​មិន​សូវ​មាន​កីឡា​ករ​បរទេស​ណា​អាច​យក​ឈ្នះ​គេ​បាន​​នោះ​ទេ​។

1ក្រៅពីទម្ងន់​ជើង​ធ្ងន់ ក្បាច់​កែង និង​ជង្គង់ កីឡា​ករ​ថៃ​ត្រូវ​បាន​គេ​ស្គាល់​ថា​ខ្លាំង ស៊ូ និង​មាន​ជំហ​រ​រឹងមាំ​មិន​ងាយ​ផ្តួល​បាន​ងាយៗ​នោះ​ទេ។ ក្រៅ​ពី Buakaw អ្នក​និយម​ប្រដាល់​សេរី​ថៃ​ពិ​ត​ជា​ធ្លាប់​ស្គាល់ Yodsangklai Fairtax, Sudsakorn Sor Klinmee, Saiyuk Pumpanmuang, Iquuezang Kor Rongthanakeat, Saenchai, Kem Sitsongpinong, Tengnueng Sitjesairoong, Payak Samui និង​កីឡា​ករ​ល្បីៗ​ជា​ច្រើន​រូប​ទៀត ព្រោះ​ពួក​គេ​ក៏​ធ្លាប់​បាន​យក​ឈ្នះ​កីឡាករ​ជួរ​មុខ​ល្បីៗ​របស់​កម្ពុជា​យើង​ផង​ដែរ។

aaaការហ្វឹកហាត់ និង​ឡើង​សង្វៀន​តាំង​តែ​ពី​នៅ​វ័យ​ក្មេង​ជា​គន្លឹះ​មួយ​ដែល​នាំ​ឱ្យ​កីឡា​ករ​ទាំង​នោះ​ឈាន​ទៅ​រក​ភាព​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់​បាន។ ជាក់​ស្តែង កីឡា​ករ​ទាំង​ប៉ុន្មាន​រូប​ខាង​លើ​សុទ្ធ​តែ​បាន​ហ្វឹក​ហាត់ និង​ប្រឡូក​លើ​សង្វៀន​តាំង​តែ​ពី​វ័យ​១៤ ឬ ១៥ ឆ្នាំ​មក​ម្ល៉េះ។ ដោយ​តម្លៃ​ខ្លួន​ពេល​ឡើង​សង្វៀន​ខ្ពស់ យុវ​ជន​ថៃ​ជា​ច្រើន​បាន​ចាប់​យក​អាជីព​នេះ​យ៉ាង​សម​ប្រកប។ ក្នុង​ចំណោម​ព្រឹត្តិ​ការណ៍​ប្រដាល់​ធំៗ​នៅថៃ Thai Fight ជាព្រឹត្តិ​ការណ៍​មួយ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​បំផុត ព្រោះ​កីឡា​ករ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​តម្រូវ​ឱ្យ​ប្រកួត​ដោយ​មិន​បាច់​ពាក់ហ្កង់​នោះ​ទេ​។ ចំណែក​ឯ​កីឡា​ករ​ដែល​មាន​មុខ​ក្នុង​កម្ម​វិធី​នេះ​ក៏​ទទួល​បាន​តម្លៃ​ខ្លួន​ជា​ច្រើន​ពាន់​ដុល្លារ​ រួម​ជាមួយ​នឹងការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​ផង​ដែរ​។

https://youtu.be/bW1fT6X7z_g

កីឡាដែល​ទេសចរ​បរទេស​គ្រប់​រូប​មិន​អាច​រម្លង​បាន​នៅ​ប្រទេស​ថៃ​គឺ​ប្រដាល់​សេរី។ ការ​ហ្វឹក​ហាត់​ក្បាច់​គុណ​ហាក់​ជា​រឿង​ពេញ​និយម​មួយ​នៅ​ប្រទេស​ថៃ។ សូម្បី​តែ​ជ​ន​បរទេស​​មួយ​​ចំនួន​​ក៏​​បាន​​មក​​ហ្វឹក​ហាត់ និង​ឡើង​សង្វៀន​នៅ​ថៃ ហើយ​ក៏​មាន​លេច​មុខ​លើ​សង្វៀន​កម្ពុជា​យើង​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត កន្លង​មក​យើង​ធ្លាប់​តែ​ឮ​ និង​ដឹង​ថា​ព្រះ​សង្ឃ​ចិន​នៅ​វត្ត​សៅ​លិញ​នាំ​គ្នា​ហ្វឹក​ហាត់​ក្បាច់​គុន​ តែ​​ព្រះ​សង្ឃ​នៅ​ប្រទេស​ថៃ​ឯ​ណោះ​វិញ​ក៏​មិន​ខុស​គ្នា​ដែរ​។ ​​សូម្បី​តែ​កូន​នេន​ក្មេងៗ​ដែល​បួស​រៀន​នៅ​ក្នុង​ទី​អារ៉ាម​ក៏​បាន​នាំ​គ្នា​ហ្វឹក​ហាត់​ដើម្បី​ពង្រឹង​សមត្ថ​ភាព​រាង​កាយ​តាំង​តែ​ពី​នៅ​តូចៗ​នៅ​ឡើយ។ នេះ​ហើយ​ជា​គន្លឹះ​នៃ​ភាព​ខ្លាំង​នៅ​ពេល​ធំ​ពេញ​វ័យ។

bbbងាកមកមើលសន្ទុះ​នៃ​វិស័យ​កីឡា​របស់​ប្រទេស​កម្ពុជា​យើង​ពេល​នេះ​ក៏​កំពុង​តែ​រីក​ផុស​ផុល​ឡើង​ផង​ដែរ ដោយ​កីឡាករ​កម្ពុជា​ជា​ច្រើន​បាន​សាង​កេរ្តិ៍​ឈ្មោះ​ខ្លួន និង​លើក​កម្ពស់​កិត្តិ​នាម​ប្រទេស​ឱ្យ​បរទេស​បាន​ស្គាល់​កាន់​តែ​ទូលំ​ទូលាយ​ហើយ​។ សេន ប៊ុនថេន កែវ​ រំចង់ មឿន សុខហ៊ុច និង​កីឡា​ករ​ជា​ច្រើន​រូប​ទៀត​សុទ្ធ​តែធ្លាប់បង្ហាញខ្លួនប្រកួតនៅក្រៅប្រទេស និងទទួលបានជ័យជំនះមកវិញ។ សង្ឃឹម​ថា​ទៅ​ថ្ងៃ​មុខ​ទៀត កីឡា​ករ​ប្រដាល់​កម្ពុជា​កាន់​តែ​ច្រើន​​នឹង​មាន​​មុខ​លើ​សង្វៀន​បរទេស​​។ មិន​ត្រឹម​តែ​ជា​កេរ​តំណែល​ដូន​តា​ទេ ក្បាច់​គុន​ក៏​ជាសិល្បៈ​នៃ​ការ​ការ​ពារ​ខ្លួន​​ផងដែរ​។ ​សូម​កូន​ខ្មែរ​ទាំង​អស់​ចាប់​អារម្មណ៍ និង​​បណ្តុះ​ស្មារតី​រក្សា​សិល្បៈ​នៃ​ការ​ការ​ពារ​ខ្លួន​របស់​ដូន​តា​យើង​នេះ​ឱ្យ​​បាន​គង់​វង្ស​ទៅ​ថ្ងៃ​មុខ​​ទាំង​អស់​គ្នា​​៕

ប្រភព៖ សារព័ត៌មានថៃ

(Number Of Views: 55 times)