ការគេងទ្រមក់ ឬ​ចូល​ចិត្ត​ក្រោក​ពី​ដំណេក​ពេល​ថ្ងៃ​រះ​ចាំង​គូថ បង្កើត​ជា​ទម្លាប់​មិន​ល្អ​មួយ​ចំពោះ​ជីវិត​ប្រចាំ​ថ្ងៃ ព្រោះ​ទោះ​ចង់​ដើរ​ហើរ​ទៅ​ណា ឬ​ធ្វើ​អ្វី​មួយ​ក៏​​ធ្វើ​មិន​ទាន់​គេ​ដែរ។ បើ​អ្នក​មាន​ទម្លាប់​បែប​នេះ មិន​ថា​ថ្ងៃ​សៅរ៍​ ថ្ងៃ​អាទិត្យ ឬ​ថ្ងៃ​ចន្ទ នោះ​ទេ សរុប​ឱ្យ​ខ្លី​ទៅ​មួយ​សប្តាហ៍​មាន ៧ ថ្ងៃ គ្មាន​ថ្ងៃ​ណា​មួយ​ដែល​អ្នក​ចង់​ក្រោក​ពី​ដំណេក​ពី​ព្រលឹម​ដូច​គេ​ឯង​នោះ​ឡើយ។ ហើយ​ខ្នង​មនុស្ស​ប្រភេទ​ចូល​ចិត្ត​ដេក​ទ្រមក់​ទោះ​ភ្ញាក់​ស៊ូ​សម្ងំ​មិន​ខ្ចី​ក្រោក​នេះ​ទៀត​សោត​ពិត​ជា​ស្រឡាញ់​គ្រែ ឬ​ពូក​ខ្លាំង​ណាស់ ឱ្យ​តែ​បាន​ប្រះ​ខ្នង​ប៉ះ​ ពិត​ជា​មិន​ងាយ​ក្រោក​ឡើយ។ តែ​ចំពោះ​អ្នក​មាន​ទម្លាប់​គេង​ពី​ព្រលប់​ក្រោក​ពី​ព្រលឹម​ ហាក់​មាន​ភាព​ស្រស់​ស្រាយ​ក្នុង​ជីវិត​រស់​នៅ​ស្ទើរ​តែ​រាល់​ថ្ងៃ។ បើ​ក្រោក​ពី​ព្រលឹម​ហើយ​ ខាង​ក្រោម​នេះ​ជា​ចំណុច​ទាំង ៧ ប្រការ​ដែល​អ្នក​គួរ​ធ្វើ​មុន​ម៉ោង ៧ ព្រឹក៖

០១. ពត់ដៃជើង និង​ដង​ខ្លួន

ពេល​អ្នក​ក្រោក​ដឹង​ខ្លួន​ភ្លាម រាង​កាយ​ត្រូវ​ការ​ពេល​ដើម្បី​សម្រប​ទៅ​តាម​សភាព​នៃ​ការ​ក្រោក​ពី​ដំណេក​របស់​អ្នក។ ដូច​នេះ​គួរ​ពត់​ដៃ​ជើង និង​ដង​ខ្លួន​ក្នុង​កាយ​វិការ​ថ្មមៗ​ដើម្បី​ឱ្យ​ឈាម​ចរាចរ​ទៅ​កាន់​គ្រប់​សាច់​ដុំ​របស់​អ្នក​បាន​គ្រប់​គ្រាន់។

១

២. ញ៉ាំខ្ទឹមស

ថ្វីបើញ៉ាំទៅហាក់ធំ​ក្លិន​មាត់​បន្តិច​ក៏​ពិត​មែន តែ​ខ្ទឹម ស មាន​អត្ថ​ប្រយោជន៍​ច្រើន​ចំពោះ​សុខ​ភាព​ពេល​អ្នក​ទំពា​វា​ញ៉ាំ​ទាំង​ព្រឹក​ព្រលឹម​ក្រោយ​ពេល​ដុស​ធ្មេញ​រួច។ ខ្ទឹម​ ស ជួយ​ឱ្យ​ឈាម​ចរាចរ​បាន​ល្អ ពង្រឹង​ប្រព័ន្ធ​ស៊ាំ និង​បង្ការ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ។ ទោះ​យ៉ាង​ណា​កុំ​ភ្លេច​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជា​មុន​សិន មុន​នឹង​ទទួល​ទាន​ខ្ទឹម ស ។

២

៣. ផឹកទឹកក្រូច​លាយ​ក្រូច​ឆ្មារ

ទទួលទានទឹកក្រូច​ត្រាំ​ចំណិត​ក្រូច​ឆ្មា​មុន​ម៉ោង ៧ ជួយ​ឱ្យ​ប្លោក​នោម និង​ថ្លើម​បំពេញ​មុខ​ងារ​ក្នុង​ការ​បណ្តេញ​ជាតិ​ពុល​ពី​រាង​កាយ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព។

៣

៤. ផឹកតែខ្ញី

តែខ្ញី ជួយឱ្យ​អ្នក​ស្រស់​ស្រាយ​ក្នុង​ពេល​ព្រឹក។ ខ្ញី​ភ្ជាប់​ដោយ​គុណ​ប្រយោជន៍​ដូច​មាន​ក្នុង​ថ្នាំ​ពេទ្យ​ជា​ច្រើន។ វា​អាច​កាត់​បន្ថយ​ការ​រោល​រលាក និង​ប្រឆាំង​រាល់​សរីរៈ​តូចៗ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​រាង​កាយ​អ្នក។

៤

៥. ដើរ ឬតាំងសមាធិ

ការដើរក្នុងលក្ខណៈ​ហាត់​ប្រាណ ឬ​ការ​តាំង​សមាធិ​សង្រួមអារម្មណ៍​ពេល​ព្រឹក​មុន​ម៉ោង​ ៧ ជា​អ្វី​ដែល​ល្អ​បំផុត​មួយ។ តាម​ការ​សិក្សា​ជា​ច្រើន​អះ​អាង​ថា អ្នក​មាន​ទម្លាប់​ទាំង​ពីរ​ខាង​លើ​នេះ​តែង​មាន​សុខភាព​ល្អ និង​មាន​ភាព​ស្ងប់​ជាប់​ក្នុង​ខ្លួន។

៥

៦. ផឹកទឹក​ផ្លែ​ឈើ ឬ​បន្លែ​ពណ៌​បៃតង

ពេលវេលាល្អបំផុត​ដែល​អ្នក​គួរ​ទទួល​ទាន​ទឹក​បន្លែ ឬ​ផ្លែ​ឈើ​ពណ៌​បៃតង​គឺ​នៅ​ពេល​ព្រឹក​មុន​ម៉ោង ៧ ព្រោះ​រាង​កាយ​អ្នក​នឹង​អាច​ស្រូ​ប​យក​រាល់​សារធាតុ​ចិញ្ចឹម​ដែល​មាន​ក្នុង​នោះ​បាន​យ៉ាង​ឆាប់​រហ័ស។

៦

៧. អាហារពេលព្រឹក

ទទួលទានអាហារ​ពេល​ព្រឹក​នៅ​ម៉ោង ៧ ជា​រឿង​ល្អ​មួយ។ បើ​ខក​ខាន ឬ​រំលង​ចោល​អាហារ​ពេល​ព្រឹក​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ទិដ្ឋភាព​ជីវិត​អ្នក​មិន​តិច​នោះ​ទេ។

ទាំងអស់ខាងលើ​នេះ​ហើយ​ជា​ចំណុច​ទាំង ៧ ដែល​អ្នក​គួរ​ធ្វើ​ឱ្យ​បាន​មុន​ម៉ោង ៧ ព្រឹក​ដើម្បី​សុខ​ភាព និង​ភាព​ស្រស់​ស្រាយ​ក្នុង​ជីវិត​រស់​នៅ។ មហាមាស សង្ឃឹម​ថា​ប្រិយ​មិត្ត​នឹង​អាច​ប្រតិ​បត្តិ​បាន​តាម​ចំណុច​ខាង​លើ​ដើម្បី​ចាក​ផុត​ពី​បញ្ហា​សុខភាព​ទាំង​អស់​គ្នា៕

ប្រភព៖ boldsky

(Number Of Views: 56 times)