ខ្លីៗ និងចុងក្រោយពីអាយហ្វូន សេវិន (iPhone 7) ដែលនឹងបង្ហាញខ្លួននាសប្តាហ៍ក្រោយនេះ
កន្លងមក មានពាក្យចចាមអារ៉ាមជាច្រើនដែលលេចឮពីទូរសព្ទត្រកូលអាយហ្វូន (iPhone) របស់ក្រុមហ៊ុនអែបផល (Apple) ដែលគ្រប់គ្នាកំពុងតែទន្ទឹងចាំចង់បានយកមកកាន់ប្រើក្នុងដៃយ៉ាងអន្ទះសា ខណៈដែលអ្នកខ្លះទៀតកំពុងតែប្រវេប្រវាព្រោះលុយមានមិនទាន់គ្រប់ ចំណែកទូរសព្ទស៊េរីចាស់ក៏លក់មិនទាន់ចេញ។ ខាងក្រោមនេះជាព័ត៌មានចុងក្រោយបំផុតដែលយើងបានដឹងអំពីអាយហ្វូន សេវិន (iPhone 7) ៖
១. ក្រុមហ៊ុនអែបផល នឹងធ្វើការប្រកាសបង្ហាញទូរសព្ទម៉ាកអាយហ្វូន សេវិន (iPhone 7) របស់ខ្លួនជាផ្លូវការនៅថ្ងៃទី៧ ខែកញ្ញា សប្តាហ៍ក្រោយនេះហើយ។
២. ទូរសព្ទអាយហ្វូន ដែលក្រុមហ៊ុនអែបផល នឹងដាក់បង្ហាញនោះប្រហែលជាអាចមានឈ្មោះជាផ្លូវការថា អាយហ្វូន សេវិន (iPhone 7)។
៣. អាយហ្វូន សេវិន (iPhone 7) នេះប្រហែលជានឹងត្រូវក្រុមហ៊ុនផលិតជាពីរម៉ូតមានទំហំអេក្រង់ខុសគ្នាដោយមួយមានអេក្រង់ទំហំ ៤,៧ អិញ និងមួយទៀតមានអេក្រង់ទំហំ ៥,៥ អិញ។
៤. អាយហ្វូន សេវិន (iPhone 7) នេះនឹងមានទ្រង់ទ្រាយរូបរាងមើលទៅដូចគ្នាខ្លាំងទៅនឹងអាយហ្វូន សិក្សអែស (iPhone 6S) ដែលបានចេញកាលពីឆ្នាំមុនដែរ។
៥. ក្រុមហ៊ុនអាចនឹងបង្ហាញអាយហ្វូន សេវិន (iPhone 7) ពណ៌ខៀវចាស់ (Deep blue) ដែលជាពណ៌ថ្មី និងមានអង្គផ្ទុកទិន្នន័យចាប់ពី ៣២ ជី (GB) ឡើងទៅ។
៦. ទាំងអាយហ្វូន សេវិន (iPhone 7) ម៉ូឌែល “ភ្លឺស Plus” ឬ “ផ្រូ Pro” កាមេរ៉ារបស់វានឹងមានឡែនស៏ (Lens) ពីរ។
៧. កាមេរ៉ាអាយហ្វូន សេវិន (iPhone 7) ម៉ូឌែលដែលមានអេក្រង់ទំហំ ៤,៧ អិញក៏នឹងមានសមត្ថភាពខ្ពស់ដែរ ព្រោះតាមរូបភាពបែកធ្លាយបង្ហាញឱ្យឃើញថាកាមេរ៉ារបស់វាមានឡែនស៏ (Lens) ធំ។
៨. ម៉ូឌែលទាំងពីរខាងលើនឹងមើលទៅដូចទៅនឹង អាយហ្វូន សិក្ស (iPhone 6) និងអាយហ្វូនអែស (iPhone 6S) ដូចគ្នា។
៩. អាយហ្វូន សេវិន (iPhone 7) នេះប្រហែលជានឹងលែងមានរន្ធដោតកាសដូចមុនតែម្តង ព្រោះក្រុមហ៊ុននឹងជំនួសដោយស្ពីកឃឺរ (Speaker) មួយទៀត។
១០. បើចង់ស្តាប់តន្ត្រីត្រូវតែប្រើកាសប្លូធូស (Bluetooth) ហើយមើលទៅ ព្រោះក្រុមហ៊ុនក៏បានផលិតជាកាសគ្មានខ្សែហើយជាស្រេចផងដែរ។
១១. បើមិនដូចចំណុចលេខ ១០ ខាងលើទេ ក្រុមហ៊ុនប្រហែលជានឹងផលិតរន្ធមួយដែលអាចប្រើបានទាំងសាកថ្ម និងដោតកាសស្តាប់ចម្រៀងបានដែរហើយមើលទៅ។
១២. ប៊ូតុងមូលៗនៅផ្នែកខាងក្រោមដែលគេហៅថាជា “ហូម ប៊ូតុង Home Button” ប្រហែលជានឹងត្រូវរចនាជាថ្មីដោយប្រើបច្ចេកវិទ្យាស្រ៊ីឌី ថាច់ (3D Touch) ។
១៣. ក្រុមហ៊ុនអែបផលនឹងប្តូរបន្ទះឈីប (Chip) ថ្មីដែលអាចធ្វើឱ្យទូរសព្ទដំណើរការបានលឿន។ ឈីប ថ្មីនោះឈ្មោះ “អេថិន A10” ហើយក៏ជាឈីបដែលកំពុងតែមានអានុភាពជាងគេប្រចាំក្រុមហ៊ុនផងដែរ។
១៤. អាយហ្វូន សេវិន (iPhone 7) អាចនឹងមានថ្មចំណុះធំជាងស៊េរីមុនៗដែលអាចឱ្យអ្នកប្រើប្រាស់ប្រើបានយូរជាងមុនផងដែរ។
១៥. អាយហ្វូន សេវិន (iPhone 7) ប្រហែលជានឹងមានសមត្ថភាពខ្ពស់ដោយមិនជ្រាបទឹកនោះទេ។
១៦. ឆ្នាំមុន អាយហ្វូន ចាប់ផ្តើមលក់ក្នុងតម្លៃពី ៦៥០ ដុល្លារឡើងទៅ។ ឆ្នាំនេះវិញតម្លៃក៏ប្រហែលជាចាប់ពី ៦៥០ ឡើងទៅដូចគ្នាដែរ។ តែម៉ូឌែលខ្ពស់បំផុតរបស់អាយហ្វូន សេវិន (iPhone 7) ឆ្នាំនេះនឹងមានអង្គផ្ទុកទិន្នន័យទំហំ ២៥៦ ជី ដែលកាលពីឆ្នាំមុនត្រឹមតែ ១២៨ ជី តែប៉ុណ្ណោះ។
១៧. ដំណឹងដែលគួរឱ្យរំភើបជាងនេះនោះគឺ ទូរសព្ទអាយហ្វូន ដែលនឹងផលិតសម្រាប់ឆ្នាំ ២០១៧ នឹងមានតួខ្លួនកញ្ចក់ ប្រើប្រព័ន្ធសាកថ្មគ្មានខ្សែ ហើយអេក្រង់របស់វានឹងលយធ្លាយរហូតដល់គែមរបស់ទូរសព្ទតែម្តង៕
ប្រភព៖ tech